ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ដឹកនាំមន្ទីរអង្គភាពជំនាញ ចុះទៅពិនិត្យតាមបណ្ដាគោលដៅសំខាន់ៗជាច្រើន ក្នុងក្រុងសែនមនោរម្យ ដើម្បីកែលំអរសណ្ដាប់ធ្នាប់សាធារណៈ និងរៀបចំទីប្រជុំជនក្រុងឲ្យកាន់តែមានសោភ័ណ្ឌភាព ត្រៀមទទួលអ្នកទេសចរមកលេងកម្សាន្តក្នុងខេត្តមណ្ឌលគិរី ក្នុងព្រះរាជពិធីបុណ្យអុំទូកបណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅពេលខាងមុខ។ឯកឧត្ដម ស្វាយ សំអ៊ាង បានមានប្រសាសន៍ថា ទោះបីឆ្នាំនេះ រាជរដ្ឋាភិបាល មិនបានប្រារព្ធព្រះរាជពិធីបុណ្យអុំទូកបណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ព្រោះ កត្តាគ្រោះធម្មជាតិ និងជំងឺកូវីដ១៩ ប៉ុន្តែប្រជាពលរដ្ឋមន្ត្រីរាជការគឺមានថ្ងៃសម្រាកជាធម្មតា ដែលនឹងមានអ្នកទេសចរមកលេងនៅខេត្តមណ្ឌលគិរី ដូចរៀងរាល់ឆ្នាំ ចំណុចនេះហើយទើបលោកដឹកនាំមន្ត្រីជំនាញចុះពិនិត្យមើលស្ថានភាពទូទៅក្នុង ក្រុង និងរៀបសណ្ដាប់ធ្នាប់ឲ្យមានរបៀបរាបរយ តួយ៉ាងគឺនៅចំណុចរង្វង់មូលគោព្រៃ លោកនឹងរៀបចំឲ្យមានទីធ្លាធំ ទម្លាយដើម្បីស្រួលដំណើរ និងមានទីតាំងសម្រាប់អ្នកទេសចរឈប់សំចត ចំណែកតាមដងផ្លូវមួយចំនួនក្នុងក្រុងលោក ក៏បានបញ្ជាឲ្យមន្ត្រីជំនាញជួសជុលការខូចខាត និងសម្អាតតាមដងផ្លូវផងដែរ។ឯកឧត្ដមបញ្ជាក់ថា កន្លងមកក្នុងក្រុងសែនមនោរម្យ ពុំមានផ្សារនោះទេ ដែលកត្តានេះបានធ្វើឲ្យកើតមានការលក់ ដូរតាមទីសាធារណៈច្រើន ហើយបញ្ហានេះអាជ្ញាធរបាននឹងកំពុងបង្កើតផ្សារធំមួយ ដើម្បីឲ្យអាជីវករមានកន្លែងលក់ដូរត្រឹមត្រូវ និងងាយស្រួលឲ្យភ្ញៀវទេសចរ ចេញចូលទិញទំនិញផងដែរ។ឯកឧត្ដម អភិបាលខេត្តមណ្ឌលគិរី បន្តទៀតថា ផ្សារថ្មីរបស់ក្រុងសែនមនោរម្យ មានទីតាំងធំទូលាយនិងងាយស្រួល ដល់ប្រជាពលរដ្ឋ និងអ្នកទេសចរចេញចូល ហើយនៅចុងឆ្នាំនេះផ្សារសែនមនោរម្យនឹងបើកដំណើរការចំនួន២៥០តូប។ ឯកឧត្ដម ស្វាយ សំអ៊ាង បញ្ជាក់ទៀតថា ក្រៅពីនេះអាជ្ញាធរ ក៏បាននិងកំពុងជំរុញការសាងសង់វិមានឯករាជ្យឲ្យឆាប់រួចរាល់ជាស្ថាពរ ដែលនេះជាសំណង់ប្រវត្តិសាស្ត្រមួយរបស់ខេត្តនឹងជួយឲ្យខេត្តមណ្ឌលគិរីកាន់តែទាក់ទាញ ស្រស់ស្អាត និងជាទីតាំងកម្សាន្តថ្មីមួយរបស់ប្រជាពលរដ្ឋ និងអ្នកទេសចរទៀតផង៕
ព័ត៌មានគួរចាប់អារម្មណ៍
កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)
ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)
លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)
សម្តេចតេជោហ៊ុន សែនអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈសំខាន់ចំនួន៣រវាងរដ្ឋាភិបាលកម្ពុជានិងហុងគ្រី (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា