លោកជាមច័ន្ទសោភ័ណ្ឌអភិបាលនិងលោកបែន រ័ត្នស្នងការខេត្តទំនងនៅពីក្រោយល្បែងស៊ីសងដ៏ល្បីកាស៊ីណូច្រកដូង៧ដើមហៅច្រកដា
ត្បូងឃ្មុំ៖ប្រជាពលរដ្ឋឃុំដារស្រុកមេមត់បានឲ្យដឹងថាបុគ្គលឈ្មោះហេងនិងលឹមអ្នកបើកសង្វៀនបញ្ជល់មាន់បង្កប់ល្បែងស៊ីសងច្រើនប្រភេទនៅក្នុងកាស៊ីណូច្រកដូង៧ដើមហៅច្រកដាស្រុកមេមត់មានខ្នងបង្អែកយ៉ាងរឹងមាំជាមន្ត្រីជាន់ខ្ពស់ទើបហ៊ានធ្វើអ្វីៗស្រេចតែអំពើចិត្តរបស់ខ្លួន។ អ្នកធ្លាប់ចូលលេងល្បែងបញ្ជល់មាន់និងល្បែងស៊ីសងផ្សេងៗក្នុងទីតាំងនោះឲ្យដឹងទៀតថានៅផ្លូវចូលសង្វៀនបញ្ជល់មាន់នោះមានកងសន្តិសុខយាមកាមយ៉ាងប្រយ័ត្ន!ប្រយែងខ្លាចក្រែងអ្នកកាសែតចូលថតយករូបភាពទៅផ្សព្វផ្សាយ។ប្រជាពលរដ្ឋក្នុងស្រុកមេមត់ខេត្តត្បូងឃ្មុំបានកត់សម្គាល់ថាចាប់តាំងពីមានសង្វៀនបញ្ជល់មាន់ត្រូវគេបើកលេងនៅក្បែរច្រកទ្វេភាគីដារគឺអំពើចោរកម្មនិងបទល្មើសផ្សេងៗកើតឡើងគួរឲ្យភ័យខ្លាច។
ពលរដ្ឋរស់នៅក្នុងឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំបន្តទៀតថាកាស៊ីណូនៅច្រកដូង៧ដើមហៅច្រកដាស្រុកមេមត់កំពុងមានការបើកលេងល្បែងស៊ីសងយ៉ាងពេញបន្ទុកដោយគ្មាន មន្ត្រីអាជ្ញាធរឬសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការបង្ក្រាបនោះឡើយ។ នៅក្នុងបរិវេណទីតាំងតំបន់កាស៊ីណូនៅច្រកដូង៧ដើមហៅច្រកដាស្រុកមេមត់នោះមានសង្វៀនបញ្ជល់មាន់ដ៏ធំមួយបង្កប់ដោយល្បែងស៊ីសងច្រើនប្រភេទទៀតកំពុងដំណើរការយ៉ាងរលូនហើយអភិបាលស្រុកមេមត់ក៏ដូចជាអធិការនគរបាលស្រុកមេមត់ ខេត្តត្បូងឃ្មុំមិនចាត់វិធានការទប់ស្កាត់ទាល់តែសោះ។ សូម្បីតែលោកឧត្តមសេនីយ៍ទោ បែន រ័ត្នស្នងការនគរបាលខេត្តត្បូងឃ្មុំ និងលោកជាមច័ន្ទសោភ័ណ្ឌអភិបាលខេត្តត្បូងឃ្មុំក៏មិនចាត់វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ឲ្យស្របទៅតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុចនោះឡើយ។គួរបញ្ជាក់ថាសង្វៀនបញ្ជល់មាន់និងល្បែងស៊ីសងគ្រប់ប្រភេទក្នុងទីតាំងកាស៊ីណូនៅច្រកដូង៧ដើមហៅច្រកដាស្រុកមេមត់មានពលរដ្ឋខ្មែរចូលលេងយ៉ាងគគ្រឹកគគ្រេងដោយគ្មានសមត្ថកិច្ចឬមន្ត្រីអាជ្ញាធរមូលដ្ឋានណាទប់ស្កាត់តាមតួនាទីរបស់ខ្លួននៅឡើយទេ?។ បើគេធ្វើដំណើរតាមផ្លូវជាតិលេខ៧ ចេញពីខេត្តត្បូងឃ្មុំរួចបត់ស្ដាំចូលតាមច្រកទ្វារទ្វេភាគីដារចម្ងាយប្រហែល៥០០ម៉ែត្រគឺប្រាកដជាឃើញទីតាំងបើកលេងល្បែងស៊ីសងយ៉ាងគគ្រឹកគគ្រេងនោះជាមិនខាន។ជារៀងរាល់ថ្ងៃមានក្រុមអ្នកលេងល្បែងបញ្ជល់មាន់មកពីគ្រប់ទិសទីមកប្រមូលផ្ដុំគ្នានៅទីតាំងសង្វៀនបញ្ជល់មាន់នៅក្នុងកាស៊ីណូច្រកដូង៧ដើមហៅច្រកដាស្រុកមេមត់ហើយក្នុងនោះមានសមត្ថកិច្ចប្រដាប់អាវុធនិងមន្ត្រីរាជការមួយចំនួនចូលរួមលេងល្បែងស៊ីសងយ៉ាងគគ្រឹកគគ្រេងហើយនឹងសប្បាយយ៉ាងខ្លាំងដោយមិនខ្លាចអ្វីឬអាជ្ញាធរមានសមត្ថកិច្ចហ៊ានបង្ក្រាប។ដូច្នេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យសម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍នេត សាវឿនអគ្គស្នងការនគរបាលជាតិគួរបង្ក្រាបសង្វៀនបញ្ជល់មាន់ក្នុងកាស៊ីណូច្រកដូង៧ដើមហៅច្រកដាស្រុកមេមត់ព្រោះលោក បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងលោកជាមច័ន្ទសោភ័ណ្ឌអភិបាលខេត្តត្បូងឃ្មុំនាំគ្នាដេកលក់យ៉ាងសុខស្រួលដេកចាំទទួលប្រយោជន៍ពីល្បែងស៊ីសងដ៏ល្បីនៅក្នុងកាស៊ីណូច្រកដូង៧ដើមហៅច្រកដាស្រុកមេមត់យ៉ាងស្ងៀមស្ងាត់បែបនេះ ។តើឲ្យប្រជាពលរដ្ឋរស់នៅបែបណាបើ មិនមានសុវត្តិភាព? ឯណាទៅភូមិ ឃុំមានសុវត្តិភាពទាំង៩ចំណចដែលរដ្ឋាភិបាលដាក់ចេញនោះ ៕