ក្រោយពីមានការបំភ្លឺពីព្រះគ្រូ សាំង គឹមឃុន ព្រះចៅអធិការវត្តពន្លៃ តាមរយៈបណ្តាញព័ត៌មានអនឡាញជាច្រើនហើយនោះ នៅពេលនេះ គេបានឃើញទីវត្តអារ៉ាមមួយនេះ គឺមានការស្ងាត់ស្ងៀមល្អណាស់ ។សូមរំលឹកឡើងវិញថា កាលពីព្រឹកថ្ងៃពុធ ទី៤ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ មានការប្រទូស្តរ៉ាយរារាំងប្រឆាំងទៅនឹងការតែងតាំងព្រះគ្រូ សាំង គឹមឃុន ជាព្រះចៅអធិការវត្តឡើងវិញ ក្រោយពេលដែលព្រះអង្គបានសុំច្បាប់និមន្តទៅបន្តសិក្សាយកចំណេះដឹងមកដឹកនាំគ្រប់គ្រងកសាងសមិទ្ធផលក្នុងវត្ត ដោយប្រភពព័ត៌មានជាច្រើនបានលើកឡើងថា ខាងបុគ្គលជាគណៈ កម្មការវត្តចំនួនពីទៅបីនាក់ មានបំណងចង់ប្តូរព្រះចៅអធិការវត្ត ទើបនិមន្តព្រះតេជគុណ ឆូយ គង់ ឲ្យមកគង់នៅក្នុងវត្ត ក្នុង អម្លុងពេលដែលព្រះគ្រូ សាំង គឹមឃុន ចេញទៅសិក្សានោះ ។ អស់រយៈជាច្រើនខែ គេឃើញបុគ្គលដែលជាគណៈកម្មការវត្តមួយចំនួននោះ បានព្យាយាមណែនាំ និងសុំឲ្យពុទ្ធបរិស័ទចំណុះជើងវត្តមានការគាំទ្រព្រះតេជគុណ ឆូយ គង់ ក្នុងក្តីសង្ឃឹមថា នៅពេលខាងមុខ ព្រះតេជគុណ ឆូយ គង់ ព្រះអង្គពិតជាបាន កាន់ដំណែងជាព្រះចៅអធិការវត្តពន្លៃមិនខាន ដោយឡែកព្រះគ្រូ សាំង គឹមឃុន ព្រះអង្គបានរៀនចប់ ត្រឡប់មកកាន់វត្តវិញក្នុងសមាសភាពជាព្រះចៅអធិការវត្ត ទើបក្លាយជារឿងខកចិត្តពីបុគ្គលជាគណៈកម្មការវត្តមួយចំនួននោះ ទើបក្លាយជារឿងគៀងគរពុទ្ធបរិស័ទចំណុះឲ្យជើងវត្តសាងសកម្មភាពរារាំងចំណាត់ការតែងតាំង ព្រះចៅអធិការវត្តសារជាថ្មី នេះតែម្តង ។តាមការលើកឡើងពីមន្ត្រីធម្មការ និងសាសនា សុំកុំឲ្យបញ្ចេញឈ្មោះ បានលើកឡើងថា វត្តពន្លៃ នេះមានទីតាំងស្ថិតក្នុងភូមិ ពន្លៃ ឃុំអង្គរសរ ស្រុកមេសាង ខេត្តព្រៃវែង ក្នុងនោះដែរ ព្រះគ្រូ សាំង គឹមឃុន បានឡើងកាន់ដំណែងជាព្រះចៅអធិការវត្តតាំងតែពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០១០ ក្រោមសេចក្តីសម្រេចរបស់ សម្តេចព្រះសុមេធាធិបតី កត្តិឧទ្ទេសៈ បណ្ឌិត នន្ទ ង៉ែតសម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការចូលរួមទទួលស្គាល់ ពីរូបលោក មិន ឃិន រដ្ឋមន្ត្រី ក្រសួងធម្មការ និងសាសនា ទៀតផង ។ដោយឡែកនៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០១៦ ព្រះគ្រូ សាំង គឹមឃុន ក៏ត្រូវបានសម្តេចព្រះពោធិវាំង អំ លឹមហេង សម្តេច ព្រះសង្ឃនាយករងទី២ សម្រេចតែងតាំងជាព្រះចៅអធិការវត្តពន្លៃ ដដែលផងដែរ ដោយមានការចូលរួមទទួលស្គាល់ពីរូប លោក ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនាទៀតផង ហើយជាក់ស្តែងណាស់នៅថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅនេះ ព្រះធម្មវង្សា ជា វ៉ាន់នី ព្រះមេគុណខេត្តព្រៃវែង បានសម្រេចតែងតាំងព្រះគ្រូ សាំង គឹមឃុន ជាព្រះ ចៅអធិការ វត្តពន្លៃ ហើយក៏មានការចូលរួមទទួលស្គាល់ពីរូបលោក លី សិទ្ធី ប្រធានមន្ទីរធម្មការ និងសាសនា ខេត្តព្រៃវែង ទៀតផង ។មន្ត្រីធម្មការ និងសាសនា សុំមិនបញ្ជេញឈ្មោះ រូបនោះបានបន្តថា រាល់លិខិតស្នាម និងសេចក្តីសម្រេចជាច្រើនរបស់មន្ត្រីសង្ឃជាន់ខ្ពស់ ក៏ដូចជាមន្ត្រីក្របខណ្ឌធម្មការជាច្រើនលើព្រះគ្រូ សាំង គឹមឃុន នេះគឺជាសក្ខីភាពមួយបញ្ជាក់យ៉ាងច្បាស់ថា ព្រះគ្រូ សាំង គឹមឃុន ព្រះអង្គមានសមត្ថភាព ក្នុងការដឹកនាំវត្ត និងពុទ្ធបរិស័ទចំណុះជើងវត្ត ហើយក៏ជាសេចក្តីទុកចិត្តជា ខ្លាំងពីមន្ត្រីសង្ឃខ្ពស់ជាច្រើន លើព្រះចៅអធិការវត្តមួយនេះក្នុងវិស័យព្រះពុទ្ធសាសនា ផងដែរ ដោយឡែកតែបុគ្គលជា គណៈកម្មការមួយចំនួន ចង់ផ្លាស់ប្តូរចៅអធិការវត្តតាមចំណង់ចិត្តរបស់ខ្លួននោះ វាគឺជាហេតុផលធ្វើឲ្យប៉ះពាល់ដល់ជំនឿ និងសាសនា ជាខ្លាំង ។ហេតុផលទាំងឡាយនេះ មន្ត្រីសង្ឃខ្ពស់ និងមន្ត្រីធម្មការ និងសាសនា ជាច្រើន សំណូមពរសុំទាំងអ្នកសារ ព័ត៌មាន សុំទាំង គណៈកម្មការ អាចារ្យវត្ត ពន្លៃទាំងអស់ សូមមេត្តារក្សាភាពស្ងៀមស្ងាត់ ដើម្បីផ្តល់ពេលវេលាជូនមន្ត្រីសង្ឃ ជាន់ខ្ពស់ ក៏ដូចជា មន្ត្រីមន្ទីរធម្មការ និងសាសនា បានដោះស្រាយរឿងរ៉ាវអធិករវត្តមួយនេះឲ្យចប់សព្វគ្រប់ ដើម្បីប្រយោជន៌ សាសនានិងសង្គម របស់យើង ទាំងមូល ៕
ព័ត៌មានគួរចាប់អារម្មណ៍
កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)
ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)
លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)
សម្តេចតេជោហ៊ុន សែនអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈសំខាន់ចំនួន៣រវាងរដ្ឋាភិបាលកម្ពុជានិងហុងគ្រី (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា