អាចជាដំណឹងល្អសម្រាប់យុវជនទំពាំងស្នងឬស្សី ក្នុងឱកាសរាជរដ្ឋាភិបាលកម្ពុជា សម្រេចជ្រើសរើសមន្ត្រីរាជការថ្មីៗ រាប់ពាន់ រាប់ពាន់កន្លែង នឹងសង្ឃឹមថា ទទួលបានមនុស្សល្អៗ ចូលរួមអភិវឌ្ឍន៌សង្គម
ថ្មីៗនេះ តាមការបញ្ជាក់ពីក្រសួងមុខងារសាធារណៈបានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានយល់ព្រមជាគោលការណ៌ ដើម្បី ជ្រើសរើសក្របខ័ណ្ឌថ្មី មន្ត្រីរាជការស៊ីវិលជាច្រើនកន្លែង សម្រាប់ទទួលយុវជនយុវនារី ដែលរូបលោកទាំងអស់គ្នា បានបញ្ជាប់ ការសិក្សា ដើម្បីផ្តល់ឧិកាសឲ្យពួកគាត់ទាំងអស់គ្នា បានបម្រើការងាររដ្ឋ និងចូលរួមប្រើសមាសភាពរបស់ខ្លួន អភិវឌ្ឍន៌ប្រទេស ជាតិទាំងអស់គ្នា ។
នៅក្នុងខ្លឹមសារទាំងអស់នោះបានបញ្ជាក់ថា ក្របខ័ណ្ឌថ្មីមន្ត្រីរាជការនោះមាន មន្ត្រីរាជការស៊ីវិលចំនួន ៦.២១៤កន្លែង នោះ មានមន្ត្រីជាប់កិច្ចសន្យាចំនួន ១៩.១៣៧នាក់ ។ គ្រូបង្រៀនជាប់កិច្ចសន្យាចំនួន ៩,៨៩៦នាក់ ។ គ្រូបង្រៀនពីរថ្នាក់ពីរពេល ចំនួន ១១,៦៧១នាក់ ។ គ្រូបង្រៀនថ្នាក់គួប២ ចំនួន ២,៥៩៨ នាក់ ។ គ្រូបង្រៀនថ្នាក់គួប៣ ចំនួន១២០នាក់ ។ គ្រូបង្រៀនជាប់កិច្ចសន្យាអប់រំក្រៅប្រព័ន្ធចំនួន ២,៤៧២នាក់ និងគ្រូបង្រៀនជាប់កិច្ចសន្យាខ្មែរឥស្លាមចំនួន ១៧៨នាក់ ដើម្បីផ្តល់ជូនគ្រប់ក្រសួង ស្ថាប័ន ទាំងនៅក្នុងថ្នាក់ជាតិ គិតដល់ក្រោមជាតិ ។
ការប្រកាសរបស់ក្រសួងមុខងារសាធារណៈនេះ គឺបានផ្អែកលើចំណារយល់ព្រម ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ របស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ ។
ក្រសួងបានអំពាវនាវសុំឲ្យស្ថាប័នទាំងអស់ បើកឲ្យមានការប្រឡងប្រជែង និងរៀបចំជ្រើសរើសបេក្ខជនដែលមានលក្ខណៈគ្រប់គ្រាន់ឲ្យចូលបម្រើការងារ ដើម្បីបំពេញមុខតំណែងដែលទំនេរតាមសេចក្ដីត្រូវការដែលមានពិតប្រាកដនៅតាមអង្គភាពថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងមន្ទីរអង្គភាពជំនាញ តាមបណ្តារាជធានី ខេត្ត ព្រមទាំងយកចិត្តទុកដាក់ដល់បេក្ខភាព ជាជនពិការ ដែល មានសមត្ថភាពសមស្រប ២% នៃចំនួនក្របខ័ណ្ឌសរុបរបស់សាមីក្រសួង ស្ថាប័ន ហើយត្រូវមានបេក្ខនារីជាប់ជាស្ថាពរពី២០% ទៅ៥០% នៃចំនួនក្របខ័ណ្ឌ ដែលទទួលបានប្រចាំឆ្នាំ ។
នេះជាដំណឹងល្អមួយ ដែលបងប្អូនយុវជន យុវនារីទាំងអស់ មិនគួរមើលរំលងទៅនឹងឱកាសដ៏កម្រមួយនេះ ក្នុងទឹកចិត្តដែល
លោកទាំងអស់តែងមានក្តីស្រម៉ៃតាំងពីកុមារភាព ថានឹងយកចំណេះដឹងរបស់ខ្លួនដែលខិតខំសិក្សានោះ មកចូលរួមអភិវឌ្ឍន៌
សង្គមយើងទាំងអស់គ្នា ហើយនៅពេលនេះដែលឱកាសត្រៀមមកដល់ខាងមុខនេះ សង្ឃឹមថា បងប្អូនយុវជន យុវនារី ពិតជា
អាចប្រើសមត្ថភាពរបស់ខ្លួន សម្រេចក្តីប្រាថ្នារបស់ខ្លួនជាក់មិនខាន ៕