អុញនោះ!..ធ្លាយការរិៈគន់ពីសំណាក់ក្រុមលោកតាអាចារ្យតាមបណ្តាវត្តក្នុងរាជធានីភ្នំពេញ ថាតាំងពីរូបលោក ទេព គង្គា បានឡើងជាប្រធានមន្ទីរធម្មការ និងសាសនា ពេលណាមក វត្តជាច្រើនមានរឿងរ៉ាវជាបន្តបន្ទាប់ គួរឲ្យងឿងឆ្ងល់ជាខ្លាំង
ថ្មីៗនេះ ចាប់ផ្តើមមានការរអ៊ូរទាំជាច្រើន ពីក្រុមលោកតាអាចារ្យ នៅតាមបណ្តាវត្តជាច្រើនក្នុងរាជធានីភ្នំពេញ បានលើក ឡើងថា ពួកគាត់ទាំងអស់គ្នាចាប់ផ្តើមចម្លែកចិត្តជាខ្លាំង ព្រោះក្រោយពេលដែលរូបលោក ទេព គង្គា បានឡើងជាប្រធាន មន្ទីរធម្មការ និងសាសនា ពេលណាមក ទីវត្តអារ៉ាមដែលធ្លាប់តែស្ងប់ស្ងាត់មួយចំនួននោះ ស្រាប់តែត្រូវបានកម្រើកឡើង
កើតចេញនូវរឿងរ៉ាវជាច្រើនយ៉ាងចម្លែកតែម្តង ដែលធ្វើឲ្យពុទ្ធបរិស័ទតែងមានសទ្ធាជ្រះថ្លានៅក្នុងវិស័យព្រះពុទ្ធសាសនា គឺហាក់បីដូចមិនស្ងប់ចិត្តសោះ តែម្តង ។
ក្រុមលោកតាអាចារ្យទាំងនោះ ដោយសុំកុំឲ្យបញ្ចេញឈ្មោះបានបន្តថា កាលពីនៅប្រធានមន្ទីរធម្មការ និងសាសនា មុន គឺរឿងរ៉ាវអធិករនៅតាមវត្តក្នុងរាជធានីភ្នំពេញនេះ មិនសូវជាមាននោះទេ ជានិច្ចជាកាលលោកប្រធានមន្ទីរអាណត្តិមុននេះ
លោកចេះដឹកនាំផ្សះផ្សារ សម្របសម្រួល ធ្វើឲ្យនៅតាមបណ្តាវត្តជាច្រើនមានការសាមគ្គីភាពគ្នាល្អណាស់ ដោយឡែកតែ
ក្រសួងធម្មការ និងសាសនា ដែលមានរូបលោកទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម បានចេញសម្រេចតែងតាំងឲ្យរូបលោក ទេព គង្គា
ឲ្យឡើងជាប្រធានមន្ទីរធម្ម និងសាសនា រាជធានភ្នំពេញពេលណាមក ករណីរឿងរ៉ាវនៅតាមបណ្តាវត្តដែលធ្លាប់ស្ងប់ស្ងាត់
គឺត្រូវបានជីកគាស់កកាយសើររើឡើងវិញ គួរឲ្យចាប់អារម្មណ៌បំផុត ។
ក្រុមលោកតាអាចារ្យទាំងអស់នោះលើកឡើងបន្តថា ការកើនឡើងរឿងរ៉ាវអធិកររបស់វត្តអារ៉ាមជាច្រើន ក្នុងរាជធានីភ្នំពេញ នេះ គឺអាចជាវិធីសាស្ត្រ គោះទឹក ហៅត្រី របស់លោក ទេព គង្គា ដែលជាប្រធានមន្ទីរថ្មី ក៏មិនដឹង ពីព្រោះបើតាមការនិ យាយតៗគ្នាឲ្យរអូមរអាមនៅតាមបណ្តាវត្ត គឺបានលើកឡើងថា ជាធម្មតាធ្វើជាមេថ្មី ដើម្បីឲ្យកូនចៅស្គាល់ គឺមានតែប្រើ យុទ្ធសាស្ត្រខ្លះៗហើយ ទើបត្រីនៅក្នុងទឹក បានស្គាល់បានដឹង ។
ស្របពេលទៅនឹងការត្អូញត្អែពីក្រុមលោកតាអាចារ្យនៅតាមវត្តជាច្រើននោះផងដែរ មហាជនជាច្រើន សំណូមពរដល់ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ សូមមេត្តាជួយមានវិធីសាស្ត្របែបសម្របសម្រួលណា មួយ ឲ្យបានល្អនៅតាមបណ្តាវត្តមួយចំនួនដែលកំពុងកើតឡើងរឿងរ៉ាវអធិករនោះផង សូមកុំឲ្យបុគ្គលមួយចំនួន ព្រោះ តែចង់បានប្រយោជន៌ ព្យាយាមក្តិចគូថសត្វចង្អាឲ្យខាំគ្នា ដើម្បីរង់ចាំផលនោះ មានឱកាសសាបព្រួសនាំឲ្យពុទ្ធបរិស័ទ សៅហ្មង ជាមួយទីវត្តអារ៉ាម ធ្វើអី ព្រោះវាអាចប៉ះពាល់ដល់សាសនា របស់យើងខ្លាំងណាស់ ។
ទោះជាយ៉ាងណាក្តី ខ្លាប៉ុស្តិ៍ នៅមិនទាន់អាចសុំព័ត៌មានចំណាត់ការភាពទទួលខុសត្រូវរបស់លោក ទេព គង្គា ប្រធាន
មន្ទីរធម្មការ និងសាសនា រាជធានីភ្នំពេញ បាននៅឡើយទេ នៅព្រឹកថ្ងៃ២៣ ខែធ្នូ ឆ្នាំ ២០១៩ នេះ អង្គភាពយើង រង់ចាំ ការបកស្រាយបន្ថែម ពីរាល់សាម៉ីស្ថាប័នអង្គភាពទាំងឡាយ នៅរៀងរាល់ម៉ោងធ្វើការ ៕