ប្រភពពីមន្ត្រីសាលាស្រុកតាវែង បានឲ្យដឹងថា លោកអភិបាលស្រុកតាវែង និងលោកអភិបាលខេត្តរងរតនគិរីម្នាក់ គឺជាអ្នកសម្របសម្រួលឲ្យមានសកម្មភាពប្រើគ្រឿងចក្រត្រាក់ទ័រឈូសឆាយទន្ទ្រានកាន់កាប់ដីព្រៃស្រោងនិងព្រៃសហគមន៍ក្នុងឃុំតាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរី ។ ប្រភពពីប្រជាសហគមន៍ក្នុងឃុំតាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរី បានឲ្យដឹងថា ដីព្រៃស្រោងនិងព្រៃសហគមន៍រាប់រយរាប់ពាន់ហិកតាក្នុងមូលដ្ឋានរបស់ពួកគាត់ត្រូវបានក្រុមអ្នកមានលុយ អ្នកមានអំណាច ប្រើគ្រឿងចក្រត្រាក់ទ័រប្រភេទដេ៦០ឈូសឆាយរំលោភយកធ្វើជាកម្មសិទ្ធិយ៉ាងរលូនដោយគ្មានញញើតច្បាប់អ្វីបន្តិចសោះ។ ចំណែកលោកប្រធានមន្ទីរបរិស្ថានខេត្តរតនគិរី និងលោក ថង សាវុន អភិបាលខេត្តរតនគិរី មិនចាត់វិធានការទប់ស្កាត់បទល្មើសទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋយ៉ាងរាលដាលនៅក្នុងឃុំតាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរី នោះទេ។ ប្រភព័ត៌មានជុំវិញបញ្ហានេះ ថ្នាក់ដឹកនាំក្រសួង និងស្ថាប័នពាក់ព័ន្ធមិនគួរបណ្ដែតបណ្ដោយតទៅទៀតនោះទេ ព្រោះ លោក ថង សាវុន អភិបាលខេត្តរតនគិរី ក៏ដូចជាលោកប្រធានមន្ទីរបរិស្ថានខេត្តរតនគិរី មិនខ្វល់ពីរឿងកើតមានបទល្មើសទន្ទ្រានកាន់កាប់ដីព្រៃសហគមន៍ និងព្រៃស្រោង ក្នុងឃុំតាវែងក្រោម រាប់ពាន់ហិកតានោះទេ។ ផ្ទុយទៅវិញ លោក ថង សាវុន អភិបាលខេត្តរតនគិរី និងលោកប្រធានមន្ទីរបរិស្ថានខេត្តរតនគិរី តែងតែរក្សាភាពស្ងៀមស្ងាត់ក្នុងខណៈដែលបទល្មើសទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋ ក្នុងស្រុកតាវែង និងស្រុកមួយចំនួនទៀតក្នុងខេត្តរតនគិរី បន្តកើតឡើងយ៉ាងពេញបន្ទុក។ ប្រភពពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាលនិងសកម្មជនព្រៃឈើក្នុងខេត្តរតនគិរី បានលើកឡើងថា បទល្មើសប្រើគ្រឿងចក្រត្រាក់ទ័រឈូសឆាយទន្ទ្រានកាន់កាប់ដីព្រៃស្រោង ដីព្រៃសហគមន៍រាប់រយរាប់ពាន់ហិកតា នៅឃុំតាវែងក្រោម ស្រុកតាវែង មានការឃុបឃិតគ្នាជាប្រព័ន្ធ។ មានន័យថា ទាល់តែមានការឃុបឃិតនិងបើកដៃពីមន្ត្រីមានអំណាច និងអាជ្ញាធរថ្នាក់ស្រុក-ឃុំ ក៏ដូចជាមន្ត្រីបរិស្ថាននិងមន្ត្រីរដ្ឋបាលព្រៃឈើនៅក្នុងតំបន់នោះទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូនបែបនេះ។ជាក់ស្ដែងក្រុមជនល្មើសអាចជម្លៀសគ្រឿងចក្រត្រាក់ទ័រចេញផុតពីកន្លែងកើតមានបទល្មើសមុនពេលសមត្ថកិច្ចចម្រុះចុះទៅដល់ ហើយទីបំផុតសមត្ថកិច្ចចម្រុះបានត្រឹមតែឃើញដីព្រៃរាប់រយរាប់ពាន់ហិកតាដែលគេឈូសឆាយរួចល្វឹងល្វើយដាច់កន្ទុយភ្នែក។ ផ្ទុយទៅវិញទាំងសមត្ថកិច្ចចម្រុះចុះទៅពិនិត្យដល់ទីតាំងដែលកើតមានបទល្មើសឈូស ឆាយទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋ ក្នុងឃុំតាវែងក្រោម គឺក្រុមជនល្មើសបានយកគ្រឿងចក្រចេញបាត់អស់ ហើយចំណាត់ការរបស់សមត្ថកិច្ចចម្រុះបានត្រឹមតែធ្វើឲ្យល្អមើលប៉ុណ្ណោះ។ ជាងនេះទៅទៀតនៅពេលពិនិត្យកន្លែងកើតមានបទល្មើសទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋរួចមក គឺក្រុមសមត្ថកិច្ចចម្រុះបានត្រឡប់ក្រោយវិញផងដែរ ធ្វើឲ្យប្រជាពលរដ្ឋគ្មានជំនឿទៅលើសមត្ថកិច្ចចម្រុះក្នុងការបង្ក្រាបបទល្មើសនោះទៀតទេ៕
ព័ត៌មានគួរចាប់អារម្មណ៍
កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)
ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)
លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)
សម្តេចតេជោហ៊ុន សែនអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈសំខាន់ចំនួន៣រវាងរដ្ឋាភិបាលកម្ពុជានិងហុងគ្រី (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា