សម្ដេចក្រឡាហោម ស ខេង ណែនាំអភិបាលរាជធានី-ខេត្ត ពង្រឹងប្រសិទ្ធការគ្រប់គ្រងសំណង់
(ដកស្រង់ព័ត៌មានពីfreshnewsasia) ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំដល់អភិបាលរាជធានី ខេត្ត ឲ្យពង្រឹងប្រសិទ្ធភាពក្នុងការគ្រប់គ្រង និងត្រួតពិនិត្យទៅលើសំណង់ឃើញថា សំណង់មួយចំនួននៅតាមរាជធានី ខេត្ត កំពុងដំណើរការដោយគ្មានលិខិតអនុញ្ញាត និងច្បាប់ត្រឹមត្រូវ ក្នុងលិខិតជម្រាបជូនទៅអភិបាលរាជធានី ខេត្ត នៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០១៩នេះ។
សម្តេចក្រឡាហោម ស ខេង បានធ្វើការកត់សម្គាល់ថា មានសំណង់មួយចំនួន ត្រូវបានដំណើរការសាងសង់ ជួសជុល និងកែប្រែទ្រង់ទ្រាយសំណង់ ដោយគ្មានលិខិតអនុញ្ញាត ឬខុសពីលិខិតអនុញ្ញាត និងពុំមានការត្រួតពិនិត្យលក្ខណៈបច្ចេកទេស សំណង់ឲ្យបានត្រឹមត្រូវ ដែលករណីទាំងនេះអាចបណ្តាលឲ្យប៉ះពាល់ដល់សោភ័ណភាព ស្ថាបត្យកម្ម គុណភាព សុវត្ថិភាពសំណង់ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ រហូតបង្កឲ្យមានគ្រោះមហន្តរាយ និងហានិភ័យផ្សេងៗ។
ដើម្បីពង្រឹងប្រសិទ្ធភាពក្នុងការគ្រប់គ្រង និងត្រួតពិនិត្យសំណង់នេះ សម្តេចក្រឡាហោម ស ខេង បានណែនាំឱ្យអភិបាលរាជធានី-ខេត្ត អនុវត្តន៍នូវវិធានការសំខាន់ៗចំនួន៤រួមមាន៖
*ទី១៖ ត្រូវណែនាំដល់មន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ និងរដ្ឋបាលក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ឲ្យទទួលខុសត្រូវពង្រឹងការងារគ្រប់គ្រង និងត្រួតពិនិត្យសំណង់ ព្រមទាំងធានាថា មិនមានការសាងសង់សំណង់ដោយគ្មានលិខិតអនុញ្ញាត ឬខុសពីលិខិតអនុញ្ញាត ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
*ទី២៖ ត្រូវពនឿននីតិវិធីក្នុងការផ្តល់លិខិតអនុញ្ញាត សាងសង់ ជូនដល់ម្ចាស់សំណង់ឲ្យបានឆាប់ស្របតាមគោលការណ៍បែបបទ និងនីតិវិធីកំណត់ជាធរមាន។
*ទី៣៖ ត្រូវបន្តលើកកម្ពស់ការផ្តល់សេវាលើវិស័យសំណង់នៅតាមរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលមានយន្តការច្រកចេញចូលតែមួយ។
*ទី៤៖ ត្រូវអប់រំ ផ្សព្វផ្សាយដល់ម្ចាស់សំណង់ ឲ្យយល់ដឹង និងគោរពតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនឹងវិស័យសំណង់សុវត្ថិភាព ក្នុងការសាងសង់សំណង់ និងផលវិបាក នៃការសាងសង់ដែលមិនគោរពតាមច្បាប់ និងបទដ្ឋានបច្ចេកទេសសំណង់។
ជាការកត់សម្គាល់ការដាក់ចេញនូវវិធានការពង្រឹងប្រសិទ្ធភាពលើការគ្រប់គ្រងសំណង់នេះ បានធ្វើឡើងបន្ទាប់ពីការកើតមាន ហេតុការណ៍បាក់រលំអគារកម្ពស់៧ជាន់ នៅក្នុងខេត្តព្រះសីហនុ កាលពីចុងខែមិថុនា ឆ្នាំ២០១៩កន្លងទៅនេះ។ ជាពិសេសបន្ទាប់ពីការរកឃើញថា មានសំណង់អគារមួយចំនួនទៀតសាងសង់ឡើង ដោយគ្មានច្បាប់ និងមិនគោរពទៅតាមបទដ្ឋានគុណភាពសំណង់ជាដើមនោះ៕