ប្រភពពីប្រជាពលរដ្ឋរស់នៅតំបន់ព្រំដែនខ្មែរ-យួន ក្នុងស្រុកកែវសីមា បានឲ្យដឹងថា ឈើដែលឈ្មួញដឹកជញ្ជូនចេញទៅស្រុកយួនតាមច្រកទ្វេរភាគីឡាប៉ាខេ និងច្រករបៀងជាច្រើនកន្លែង គឺជាឈើដែលឈ្មួញប្រមូលទិញមានឈ្មោះ ស្រីលីនដឹកចេញពីដែនជម្រកសត្វព្រៃភ្នំព្រេច តំបន់អភិរក្សជីវៈចម្រុះកែវសីមា និងតំបន់ដែនជម្រកសត្វព្រៃភ្នំណាំលៀ ស្រុកពេជ្រាដា ជាដើម។ បើតាមប្រភពពីក្រុមឈ្មួញនិងប្រជាពលរដ្ឋដែលដឹកជញ្ជូនឈើចេញទៅស្រុកយួនបានឲ្យដឹងថា ពួកគេបង់លុយឲ្យលោក សា ផល្លា មេប៉ុស្ដិ៍ច្រកណាំលៀ និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀតតាមការកំណត់ ទើបអាចដឹកជញ្ជូនឈើទៅដល់គោលដៅយ៉ាងរលូនបាន ហេតុនេះហើយទើបមានសេចក្ដីអំពាវនាវឲ្យនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចាត់វិធានការទប់ស្កាត់បទល្មើសខាងលើនេះផង ព្រោះមានសេចក្ដីរាយការណ៍ថា លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី ជាអ្នកឃុបឃិតបើកដៃឲ្យលោក សា ផល្លា បើកច្រកតាមអំពើចិត្តឲ្យឈ្មួញឈ្មោះ ស្រីលីនដឹកឈើឆ្លងដែនទៅប្រទេសវៀតណាមអានាធិបតេយ្យ។សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅតាមតំបន់ព្រំដែនខ្មែរ-យួន ក្បែរច្រកទ្វេរភាគ្គីឡាប៉ាខេ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានឲ្យដឹងថា មកដល់ពេលនេះលោក សា ផល្លា មេប៉ុស្ដិ៍ច្រកឡាប៉ាខេ នៅតែឃុបឃិតបើកដៃឲ្យឈ្មួញដឹកដដែលដើម្បីជាថ្នូរនឹងផលប្រយោជន៍។ ពាក់ព័ន្ធករណីនេះមន្ត្រីនគរបាលនៅក្នុងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានបង្ហើបឲ្យដឹងថា ការដែលលោក សា ផល្លា ហ៊ានធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួន គឺដោយសារអាងមានលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី ជាមិត្តភក្ដិជិតស្និទ្ធនិងជាបង្អែកដ៏រឹងមាំរបស់ខ្លួន ដូច្នេះហើយទើបលោក សា ផល្លា នៅតែបន្តឃុបឃិតឲ្យមានបទល្មើសដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកឡាប៉ាខេ ក៏ដូចជាច្រករបៀងច្រើនកន្លែងក្រោមការទទួលខុសត្រូវរបស់អង្គភាពនគរបាលវរការពារព្រំដែនគោកលេខ៦២១។តាមប្រភពព័ត៌មានពីមន្ត្រីនៅច្រកឡាប៉ាខេ បានឲ្យដឹងថា ជារៀងរាល់យប់មានឈ្មួញដឹកជញ្ជូនឈើតាមរថយន្តនិងមានប្រជាពលរដ្ឋដឹកជញ្ជូនឈើតាមម៉ូតូចេញទៅស្រុកយួនតាមច្រករបៀងង៉ាំតាយិន ច្រករបៀង៣៥ បន្តទៅច្រករបៀងង៉ាំដី ដោយក្នុងមួយយប់ៗសរុបចំនួនម៉ូតូដឹកឈើគឺមានមិនក្រោម៤០ទៅ៥០គ្រឿងច្រករបៀងទាំងនោះគ្រប់គ្រងដោយលោក សា ផល្លា ដែលជានាយប៉ុស្ដិ៍ច្រកឡាប៉ាខេ ចំណុះឲ្យអង្គភាពនគរបាលវរការពារព្រំដែនគោកលេខ៦២១ ទន្ទឹមនឹងនេះលោក សា ផល្លា បានប្រគល់តួនាទីឲ្យលោក អ៊ូច សុភក្ត្រ ជាអ្នកដើរប្រមូលលុយពីឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រករបៀងជាច្រើនកន្លែង ដូចជាច្រកង៉ាំអូរជុំច្រកយូឡឹត ច្រកតាយិន ច្រកបាឡា ច្រកង៉ាំដី និងច្រកង៉ៃបាវ៉េ ជាដើម តាមរយៈការឃុបឃិតឲ្យឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងពេញបន្ទុក គឺលោក សា ផល្លា អាចប្រមូលលុយបានយ៉ាងច្រើន។ប្រជាពលរដ្ឋសំណូមពរដល់សម្តេច ក្រឡាហោម ស ខេង មេត្តាដាក់កម្លាំងសម្ងាត់ចុះពិនិត្យតាមដានបទល្មើសព្រៃឈើនៅស្រុកកែវសីមា ខេត្តមណ្ឌលគិរីផងទាន បើពុំដូច្នេះព្រៃតំបន់អភិរក្សវានិងវិនាសមហន្តរាយជាមិនខាន៕
ព័ត៌មានគួរចាប់អារម្មណ៍
កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)
ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)
លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)
សម្តេចតេជោហ៊ុន សែនអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈសំខាន់ចំនួន៣រវាងរដ្ឋាភិបាលកម្ពុជានិងហុងគ្រី (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា