នេះពិតជាទុក្ខជាន់លើទុក្ខពិតប្រាកដមែន នាពេលថ្មីៗ ចាប់ផ្តើមកក្រើកឡើងវិញហើយ ករណីពលរដ្ឋ ៥៦២គ្រួសារ ស្ថិតនៅភូមិត្បែងលិច ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលធ្លាប់បានសើ្នសុំទៅរាជរដ្ឋាភិបាល តាមរយៈសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ និងជាទីប្រឹក្សាផ្ទាល់របស់រាជរដ្ឋាភិបាល នាពេលកន្លងទៅ ពេលនេះចាប់ផ្តើមកក្រើកឡើងវិញ បន្ទាប់មកមានក្រុមប្រជាពលរដ្ឋមួយចំនួនថ្មី ដែលបន្លំខ្លួនជាប្រជាពលរដ្ឋ៥៦២គ្រួសារ ដែលបានស្នើសុំការជួយអន្តរាគមន៍ពីសម្តេចនោះ និងបានចូលទៅរស់នៅកាន់កាប់យ៉ាងអធិបតេយ្យ ដោយគ្មានច្បាប់អនុញ្ញាតិ ពលរដ្ឋ៥៦២គ្រួសារពិតប្រាកដបានស្នើសុំទៅសម្តេចមិនទាន់បានដំណោះស្រាយផង ស្រាប់តែពេលនេះ បែជាមានប្រជាពលរដ្ឋជាច្រើនបានក្លែងបន្លំជាពលរដ្ឋ ៥៦២គ្រួសារ ចូលទៅរស់នៅលើដីទំនាស់យ៉ាងអនាធិបតេយ្យ ថែមមួយជាន់ទៀត ហើយរហូតមកដល់ពេលនេះគ្មានអាជ្ញាធរណាមួយហាមឃាត់ពលរដ្ឋខិលខូចទាំងនោះទេ ។ តាមប្រភពពីលោក ធន នឿម ដែលជាតំណាងពលរដ្ឋ ៥៦២គ្រួសារ បានឲ្យអង្គភាពយើងដឹងថា នេះជាលើកទី២ហើយ ដែលពលរដ្ឋ៥៦២គ្រួសារ ស្នើសុំទៅសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជួយអន្តរាគមន៍ដោះស្រាយជូនពួកគាត់ផង ព្រោះកាលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោះស្រាយជូនពួកគាត់លើកទី១ បានតែលិខិតអនុក្រិត្យតែមិនបានដី ហើយដីបែរជាបានទៅអ្នកដ៏ទៃទៅវិញ ហើយនេះជាលើកទី២ហើយ ដែលប្រជាពលរដ្ឋ ៥៦២គ្រួសារ ស្នើសុំទៅសម្តេចអគ្គមហាសេនាបតីតេជោ ជួយដោះស្រាយ និងកំពុងរងចាំដំណោះស្រាយពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី តាមរយៈការស្រាវជ្រាវរបស់ប្រតិភូឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៃគណបក្សខ្មែរអភិវឌ្ឍន៏សេដ្ឋកិច្ច ។ ឯកឧត្តម ហួន រាជចំរើន ប្រធានប្រតិភូ បានស្នើឲ្យពលរដ្ឋរងចាំដំណោះស្រាយពីរាជរដ្ឋាភិបាល ដោយសុំមិនអោយមានការធ្វើបាតុកម្ម កូដកម្ម និងរំលោភបំពានច្បាប់ ដើម្បីបញ្ជាក់ថា ប្រទេសកម្ពុជាជាប្រទេសនិតីរដ្ឋ រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ ធ្វើការដោះស្រាយស្របច្បាប់ និងប្រជាធិបតេយ្យយ៉ាងពិតប្រាកដ ។ ប្រភពបានបន្តថា ប៉ុន្តែក្នុងអំឡុងពេលប៉ុន្មាន ខែដែលកំពុងរងចាំដំណោះស្រាយនេះ ស្រាប់តែមានប្រជាពលរដ្ឋមួយក្រុមដែលតាំងខ្លួនថា ជាប្រជាពលរដ្ឋ ៥៦២គ្រួសារ ដែលមិនដឹងមកពីណាថា ខ្លួនគឺជាប្រជាពលរដ្ឋ៥៦២ គ្រួសារ និងបានចូលមកតាំងលំនៅដ្ឋាន និងកាន់កាប់ជាបន្តបន្ទាប់ថែមទាំងមានការចាក់គ្រិះជាសំណង់រឹង និងចូលកាប់ព្រៃដើមអាកាស្យា ដែលជាព្រៃរបស់រដ្ឋបាលព្រៃឈើថែមទៀតផង ហើយប្រជាពលរដ្ឋ៥៦២គ្រួសារពិតប្រាកដមិនបានធ្វើសកម្មភាពនោះទេ គឺនៅបន្តរងចាំដំណោះស្រាយពីរាជរដ្ឋាភិបាលដ៏ដែល ។ប្រភពបានបន្តថា ចំពោះពលរដ្ឋថ្មីដែលចូលមកតាំងទីលំនៅថ្មីយ៉ាងអនាធិបតេយ្យ អាជ្ញាធរមូលដ្ឋាន និងមន្រ្តីសមត្ថកិច្ចជំនាញពាក់ព័ន្ធមិនមានការហាមឃាត់ទេ ថែមទាំងបន្តបើកឲ្យពលរដ្ឋខិលខូចទាំងអស់នោះធ្វើសកម្មភាពទាំងរលូនទៀត នេះគឺជាចេតនាបើកឲ្យពលរដ្ឋខិលខូចទាំងអស់នោះ ចាក់គ្រិះរឹងមាំថែមទៀត ហើយក្នុងនោះក៏មានការលិច មកថា អ្នកដែលចុះទៅធ្វើសកម្មភាពជាមួយពលរដ្ឋថ្មីនោះ គឺជាសាច់ញាតិថ្នាក់ដឹកនាំថែមទៀត ។ ចំណុចទាំងអស់នេះបានធ្វើឲ្យពលរដ្ឋ៥៦២គ្រួសារមានការព្រួយបារម្មថា អាចមានវិវាទកាន់តែធំរវាងពលរដ្ឋ និងពលរដ្ឋ ព្រោះអាជ្ញាធរមិនមានការហាមឃាត់ពលរដ្ឋថ្មីទាំងនោះ ដែលប្រជាពលរដ្ឋខិលខូច ចេតនាបង្កអសន្តិសុខជាតិ ចោទប្រកាន់ទៅពលរដ្ឋ ៥៦២គ្រួសារ មិនគោរពច្បាប់ ដែលពាក្យស្លោកនិយាយថា បំពានបានប្រយោជន៍ ខុសគ្មានទោស ជាហេតុធ្វើឲ្យពលរដ្ឋកាន់តែមានការសង្ស័យថា អាចនិងមានការពាក់ព័ន្ធរវាងពលរដ្ឋថ្មី និងអាជ្ញាធរមានសមត្ថកិច្ច និងមន្រ្តីជំនាញពាក់ពន្ធ័ ដែលនៅពីក្រោយខ្នងពលរដ្ឋទាំងនោះ ។ ឯកឧត្តម ហួន រាជចំរើន ប្រធានប្រតិភូ ដែលបានចុះសិក្សាស្រាវជ្រាវករណីនេះ បានបំភ្លឺក្នុងបទសម្ភាសន៍ថា ឯកឧត្តមបានចុះសិក្សាស្រាវជ្រាវ និងរាយការណ៍ជូនសម្តេចប្រមុខរាជរដ្ឋាភិបាលរួចហើយ ឯកឧត្តមនិងស្ថាប័នរបស់ឯកឧត្តមមិនមានសមត្ថកិច្ច ឬសមត្ថភាព ដោះស្រាយនោះទេ អ្វីដែលយើងនៅរងចាំនោះគឺដំណោះស្រាយពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល តែមួយគត់ ហើយសម្តេចមានយុត្តិធម៌ណាស់សំរាប់ប្រជាពលរដ្ឋកម្ពុជា ដោយមិនមានការលំអ៊ាងនោះទេ ដូច្នេះយើងមានតែរងចាំការដោះស្រាយតែមួយគត់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ។ ប្រជាពលរដ្ឋ ៥៦២គ្រួសារពិតប្រាកដ ដែលកំពុងរងចាំដំណោះស្រាយពីសម្តេចប្រមុខរាជរដ្ឋាភិបាល បានសំណូមពរទាំងទឹកភ្នែកយ៉ាងទទូច ទៅសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី មេត្តាសណ្តោសប្រោះប្រណីជួយអន្តរាគមន៍អោយពលរដ្ឋ៥៦២គ្រួសារ ស្ថិតនៅភូមិត្បែងលិច ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានទទួលដីលំនៅដ្ឋានដោយស្របច្បាប់ផង ។ហើយកាលថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៩ នាពេលកន្លងទៅ សម្តេចក៏ធ្លាប់បានមានអនុសាស្ត្រថា ឲ្យអាជ្ញាធរខេត្តធ្វើការដោះស្រាយដែរ ក៏ប៉ុន្តែរហូតមកដល់ពេលនេះ សាលាខេត្តសៀមរាបមិនមានការដោះស្រាយណាមួយឲ្យពលរដ្ឋ៥៦២គ្រួសារដែរ ។ជុំវិញព័ត៌មានខាងលើនេះ គេហទំព័រខ្លាប៉ុស្តិ៍ ព្យាយាមទំនាក់ទំនងទៅលោកអភិបាលខេត្តសៀមរាប ដើម្បីសុំការបំភ្លឺមិនទាន់បាននៅឡើយទេនៅពេលនេះ ៕
ព័ត៌មានគួរចាប់អារម្មណ៍
កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)
ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)
លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)
សម្តេចតេជោហ៊ុន សែនអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈសំខាន់ចំនួន៣រវាងរដ្ឋាភិបាលកម្ពុជានិងហុងគ្រី (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា