ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ហង្សពេជ្រ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 016 222 102
ជប៉ុនស្នើសុំកម្ពុជាធ្វើយ៉ាងណា​បើកដំណើរហោះ​ហើរឡើងវិញរវាងប្រទេសទាំងពីរ
Sat,22 August 2020 (Time 10:45 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 474នាក់)

នៅវិមានសន្តិភាព នាព្រឹកថ្ងៃសៅរ៍ ទី២២ ខែសីហា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ម៉ូតេហ្គី តូស៊ីមីត្សឹ រដ្ឋមន្ត្រីការបរទេសជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ក្នុងជំនួបពិភាក្សានោះ ឯកឧត្តម ម៉ូតេហ្គី តូស៊ីមីត្សឹ បានគោរពសម្ដែងនូវការអបអរសាទរចំពោះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ដែលបានចាត់វិធានការល្អប្រសើរក្នុងការទប់ស្កាត់ជំងឺ covid 19 បានយ៉ាងល្អប្រសើរសម្រាប់ប្រទេសកម្ពុជា។ ឯកឧត្តមក៏បានកោតសរសើរចំពោះសម្ដេចតេជោ នាយករដ្ឋមន្ត្រី ដែលបានដឹកនាំប្រទេសក្នុងភាពឈ្លាសវៃ ដែលនាំដល់ការអភិវឌ្ឍយ៉ាងឆាប់រហ័សនៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តមបានបញ្ជាក់ទៀតថាក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកាន់ ព្រះរាជាណាចក្រកម្ពុជា កាលពីឆ្នាំ២០១៤ រហូតមកដល់ពេលនេះ គឺឯកឧត្តមបានសង្កេតឃើញថាកម្ពុជាមានការអភិវឌ្ឍន៍រីកចំរើនខ្លាំងនិងឆាប់រហ័ស លើសពីនោះ ឯកឧត្តមក៏បានគោរពជម្រាបជូនសម្ដេចតេជោថា ជប៉ុនបានត្រៀមថវិកាមួយចំនួនក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ ផងដែរ។ ឯកឧត្តម ក៏បានស្នើសុំដើម្បីធ្វើយ៉ាងណាបើកដំណើរការឡើងវិញ រវាងប្រទេសទាំងពីរ ដូចជាការធ្វើដំណើរទៅវិញទៅមក ដើម្បីជំរុញវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិស័យធុរកិច្ចផងដែរ។ លើសពីនេះទៅទៀត ឯកឧត្តក៏បានជម្រាបជូនសម្ដេចតេជោផងដែរថានិស្សិតកម្ពុជាយើងចំនួន១៩នាក់ត្រូវទៅសិក្សានៅប្រទេសជប៉ុនក្នុងពេលឆាប់ឆាប់នេះ។ជាមួយគ្នានោះផងដែរឯកឧត្តមក៏បានជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីថាភាគីជប៉ុនបានធ្វើការសិក្សាចប់សព្វគ្រប់ហើយទៅលើកំពង់ផែក្រុងព្រះសីហនុសម្រាប់ធ្វើយ៉ាងណាឲ្យកំពង់ផែនោះទទួលកប៉ាល់ធំៗចូលចត ក្នុងន័យនេះ ឯកឧត្តមបានស្នើសុំសម្ដេចតេជោឲ្យមានការគាំទ្រគម្រោងនេះផងដែរ។
ជាការឆ្លើយតប សម្តេចតេជោ នាយករដ្ឋមន្ត្រី បានសំដែងនូវក្តីរីករាយ ដែលបានជួបពិភាក្សាការងារជាមួយ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសជប៉ុនសារជាថ្មីទៀតបន្ទាប់ពីបានជួបកាលពីឆ្នាំ២០១៤ កន្លងទៅ។ សម្ដេចតេជោ នាយករដ្ឋមន្ត្រីក៏បានអរគុណដល់រដ្ឋាភិបាលជប៉ុន ចំពោះជំនួយដែលបានផ្ដល់មកកម្ពុជា នារយៈពេលកន្លងមក និងជំនួយក្នុងការចូលរួមទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ និងអរគុណទៅដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានជួយដល់ប្រទេសកម្ពុជាជួយពលករ ក៏ដូចជាដល់និស្សិតកម្ពុជា ដែលកំពុងតែសិក្សា និងបម្រើការងារនៅឯប្រទេសជប៉ុន។សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានគាំទ្រនូវការបើកឲ្យដំណើរការនូវទំនាក់ទំនងឡើងវិញ ក៏ដូចជាជំរុញនូវវិស័យធុរកិច្ច ពាណិជ្ជកម្ម និងវិស័យផ្សេងៗរវាងកម្ពុជា និងជប៉ុន ដែលទាំងអស់នោះ នឹងធ្វើអោយទំនាក់ទំនងនិងការផ្ដល់ការធ្វើដំណើរទៅវិញទៅមករវាងប្រទេសទាំងពីរដែលអាចនាំមកទំនាក់ទំនងកាន់តែខ្លាំងបន្ថែមទៀត និងជំរុញដំណើរការសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរជាបន្តទៀតផងដែរ។សម្ដេចតេជោ នាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថាក្នុងឆ្នាំ២០១៩ កម្ពុជា- ជប៉ុនមានទំហំពាណិជ្ជកម្មប្រមាណ២ពាន់លានដុល្លារសហរដ្ឋអាមេរិក ក្នុងនោះកម្ពុជានាំចេញទៅជប៉ុន១,២ ពាន់លានដុល្លារហើយជប៉ុននាំចូលមកកម្ពុជាវិញ០,៨ ពាន់លានដុល្លារ ។ ដោយឡែកនៅក្នុងឆ្នាំ២០២០ នេះ រយៈពេល៩ខែ ទំហំពាណិជ្ជកម្មប្រទេសទាំងពីរមានប្រមាណ៨០០លានដុល្លារសហរដ្ឋអាមេរិក ក្នុងនោះកម្ពុជានាំចេញទៅជប៉ុនប្រមាណ៥០០លានដុល្លារ និងជប៉ុននាំចូលមកកម្ពុជាប្រមាណ៣០០លានដុល្លារ។សម្ដេចតេជោបានមានប្រសាសន៍បន្ថែមថា ចំពោះការបើកដំណើរការឡើងវិញនៃប្រទេសទាំងពីរ សម្តេចបានស្នើឲ្យមានការហោះហើរឡើងវិញរបស់ក្រុមហ៊ុនអាណាណា ដែលការហោះហើរនេះ នឹងអាចនាំអោយការធ្វើដំណើររវាងប្រទេសទាំងពីរមានសភាពការណ៍ធម្មតាឡើងវិញ ជាពិសេសត្រូវអនុវត្តនូវវិធានការមួយចំនួនផងដែរ។ សម្តេចតេជោបន្តថា ការហោះហើរឡើងវិញនេះ នាំអោយមានការកើនឡើងក្នុងទំហំពាណិជ្ជកម្មការ និងវិនិយោគផងដែរ។ជាទីបញ្ចប់សម្ដេចតេជោ ក៏បានថ្លែងអំណរគុណចំពោះប្រទេសជប៉ុន ដែលបានជួយដល់កម្ពុជាជាពិសេសជាមួយនឹងកម្មវិធីជំនួយក្រៅប្រទេស ដែលរាល់គម្រោងទាំងនោះមិនមានការពន្យា ឬបញ្ឈប់នោះទេ ផ្ទុយទៅវិញកំពុងតែដំណើរការជាប្រក្រតី៕

ព័ត៌មានគួរចាប់អារម្មណ៍

កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ​ហ៊ុន សែនអញ្ជើញជាអធិ​បតីក្នុងពិ​ធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈ​សំខាន់ចំនួន៣​រវាងរដ្ឋាភិបា​លកម្ពុជានិង​ហុងគ្រី (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
572 នាក់
ម្សិលមិញ :
48 នាក់
សប្តាហ៍នេះ :
2180 នាក់
ខែនេះ :
6745 នាក់
3 ខែនេះ :
16801 នាក់
សរុប :
522533 នាក់