នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទនារសៀលម៉ោង ១៥:០០ នាទីថ្ងៃពុធ ៧រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុនបានទទួលជួបលោកជំទាវ LiurkaRodriguezBarriosឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពថ្មីនៃសាធារណរដ្ឋគុយបាប្រចាំព្រះរាជាណាចក្រកម្ពុជានិងសហការីដើម្បីសម្តែងការគួរសមនិងពិភាក្សាការងារដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងប្រទេសទាំងពីរ។ជាកិច្ចចាប់ផ្តើមឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងស្វាគមន៍ចំពោះលោកជំទាវដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋគុយបាប្រចាំព្រះរាជាណាចក្រកម្ពុជាហើយក៏ថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋគុយបាផងដែរ។ដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរមកកម្ពុជាលើវិស័យកសិកម្ម តាមរយៈការផ្តល់ទស្សនកិច្ចផ្លូវការទៅប្រទេសគុយបាដល់មន្ត្រីក្រសួង ដើម្បីសិក្សាស្វែងយល់និងដកស្រង់បទពិសោធន៍។ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹមថាបេសសកម្មរបស់លោកជំទាវនៅកម្ពុជានឹងបន្តកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសលើការផ្លាស់ប្ដូរបទពិសោធន៍ និងទស្សនវិស័យក្នុងការអភិវឌ្ឍវិស័យកសិកម្ម។លោកជំទាវឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដោយភាគីគុយបា បានខិតខំប្រឹងប្រែងចែករំលែកចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ការងារជាច្រើនដល់មន្ត្រីជំនាញរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើផ្នែកដាំដុះ ផលិតកម្មសត្វ និងវារីវប្បកម្ម ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា។ អ្វីដែលគួរឲ្យសោកស្ដាយនោះគឺ ដោយសារស្ថានភាពបច្ចុប្បន្នការគោរពចំណងមិត្តភាពខួបលើកទី៦០នៃចំណងការទូតរវាងប្រទេសទាំងពីរគឺមិនអាចប្រព្រឹត្តទៅបាន។ពាក់ព័ន្ធនឹងប្រធានបទខាងលើលោកជំទាវក៏បានធ្វើការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលមានចំណាត់ការ និងវិធានការដ៏មានប្រសិទ្ធភាពក្នុងការទប់ស្កាត់ជំងឺវីរុសកូវីដ-១៩និងរក្សាបាននូវសន្តិសុខស្បៀង។ លោកជំទាវក៏បានបន្ថែមផងដែរថា ប្រទេសគុយបាបានស្រាវជ្រាវ និងអភិវឌ្ឍន៍វាក់សាំងការពារជំងឺវីរុសកូវីដ-១៩ ប្រកបដោយជោគជ័យ ហើយសង្ឃឹមថានឹងអាចដាក់ចេញប្រើប្រាស់ជាផ្លូវការក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ។ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសគុយបា ជាពិសេសក្នុងវិស័យសុខាភិបាល ដោយបានបង្កើតវាក់សាំងការពារជំងឺវីរុសកូវីដ-១៩ ហើយសង្ឃឹមថា ប្រទេសគុយបានឹងអាចចែករំលែកវាក់សាំងការពារនេះមកកម្ពុជានាពេលខាងមុខ។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា ជំងឺវីរុសកូវីដ-១៩នេះប្រាកដណាស់បានបង្អាក់ដំណើរនៃកំណើនសេដ្ឋកិច្ចកម្ពុជា។ក៏ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាមានភាពជឿជាក់លើសមត្ថភាពគ្រប់គ្រងរបស់ខ្លួននិងបានឆ្លើយតបក្នុងការដោះស្រាយបញ្ហាសន្តិសុខស្បៀងយ៉ាងមានប្រសិទ្ធភាពសម្រាប់ប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះ ដើម្បីឲ្យសេដ្ឋកិច្ចរវាងប្រទេសទាំងពីរអាចប្រព្រឹត្តទៅដោយជោគជ័យ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើឲ្យមានកិច្ចប្រជុំថ្នាក់បច្ចេកទេស ដើម្បីឲ្យក្រុមការងារនៃប្រទេសទាំងពីរពិនិត្យ និងពិចារណាលើការធ្វើកសិ-ពាណិជ្ជកម្ម ផ្លាស់ប្ដូរបទពិសោធន៍គ្នាលើការធ្វើទំនើបកម្មកសិកម្ម បច្ចេកវិទ្យាទំនើប ជាពិសេសលើដំណាំអំពៅនិងដំណាំកសិកម្មផ្សេងទៀតដែលមានសក្តានុពុលដើម្បីរុញកំណើននៃការអភិវឌ្ឍវិស័យកសិកម្មឲ្យកាន់តែរីកចម្រើន។ជាការឆ្លើយតបលោកជំទាវបានឯកភាពចំពោះការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រីក្នុងការរៀបចំកិច្ចប្រជុំដ៏មានសារៈសំខាន់នេះដើម្បីរួមគ្នាអភិវឌ្ឍន៍វិស័យកសិកម្មនៃប្រទេសទាំងពីរ។លោកជំទាវសន្យាថានឹងប្រឹងប្រែងអស់លទ្ធភាពដើម្បីរឹតចំណងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរថែមមួយកម្រិតទៀត៕
ព័ត៌មានគួរចាប់អារម្មណ៍
កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)
ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)
លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)
សម្តេចតេជោហ៊ុន សែនអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈសំខាន់ចំនួន៣រវាងរដ្ឋាភិបាលកម្ពុជានិងហុងគ្រី (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា