ខេត្តក្រចេះ ៖ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរវាងរដ្ឋាភិបាលជាមួយប្រជាពលរដ្ឋ ក្នុងការសហការជុំរុញលើកកំពស់ការទទួលខុសត្រូវ និងលើកកម្ពស់គណនយ្យភាព របស់ក្រសួងស្ថាប័ន និងអជ្ញាធរដ្ឋបាលថ្នាក់ក្រោមជាតិ ការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍន៍នៅមូលដ្ឋានឱ្យមានប្រសិទ្ធភាព។ជាក់ស្តែងនៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០នេះ នៅឃុំជ្រោយបន្ទាយស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បានរៀបចំវេទិកាសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ឃុំជ្រោយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម ចៅ ផល្លី រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអនុប្រធានក្រុមការងាររាជរដ្ឋភិបាលចុះមូលដ្ឋាន ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ រួម និងឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្តក្រចេះ លោកអភិបាល ស្រុកព្រែកប្រសព្វ និងលោកមេបញ្ជាការប្រតិបត្តការស្រុក កងរាជអាវុធហត្ថស្រុក លោកមេប៉ុស្តិ៍ឃុំជ្រោយបន្ទាយផងដែរ។ក្នុងអង្គវេទិកានេះផងដែរ ដោយមានអញ្ជើញចូលរូមពីលោក លោកស្រី ជាប្រធាន អនុប្រធានមន្ទីរ និង លោកមេឃុំ រួមនិងប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងប្រជាពលរដ្ឋប្រមាណជា ង១៥០នាក់។អង្គវេទិកាសាធារណៈនេះ លោក ហង្ស ចាន់ឌី អភិបាលស្រុកព្រែកប្រសព្វបានឡើងធ្វើការស្វាគមន៍ឯកឧត្ដម ចៅ ផល្លី រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន ស្រុកព្រែកប្រសព្វ រួចមក។ឯកឧត្តម ចៅ ផល្លី រដ្ឋលេខាធិការនៃក្រសួងការពារជាតិបានមានប្រសាសន៍ថា វេទិកាសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានមានគោលបំណងស្ដាប់ និងចង់បាននូវកង្វល់បញ្ហាប្រឈម ឬសំណូមពរ ឬសំណើរបស់ប្រជាពលរដ្ឋ និងការដោះស្រាយរាល់សំណូមពរ សំណើទាំងនោះដោយផ្អែកទៅលើច្បាប់ជាមូលដ្ឋាន និងលិខិតបទដ្ឋានគតិយុទ្ធនានា។ ក្នុងករណីមិនអាចដោះស្រាយបាន ក្រុមការងារ និងរាយការណ៍ជូនរដ្ឋាភិបាល និងដោះស្រាយតាមឋានានុក្រម។ក្នុងវេទិកានោះដែរ មានប្រជាពលរដ្ឋស្នើសុំនិងលើកបញ្ហាមួយចំនួនរួមមាន ៖ ទី១.ស្នើសុំសាលារៀនមួយខ្នងនៅភូមិទួលព្រិច ស្ថិតក្នុងឃុំជ្រោយបន្ទាយ។ ទី២.ស្នើសុំផ្លូវ១ខ្សែពីភូមិ ខ្សាច់ទប់ទៅភូមិទួលព្រិច (ជាភូមិឧបសម្ព័ន្ធមានប្រវែង២គីឡូម៉ែត្រ។ ទី៣. ស្នើសុំផ្លូវ១ទៀតតភ្ជាប់ពីភូមិឧបសម្ព័ន្ធទួលព្រិច ទៅដល់ ភូមិរហា( រលំភ្នឺ )។ បន្ថែមលើនេះប្រជាសហគមន៍ (ការងារព្រៃសហគមន៍ ) ក៏បានស្នើសុំកិច្ចសហការពីសមត្ថកិច្ចជំនាញក្នុងការបង្ក្រាប និងទប់ស្កាត់ការកាប់បំផ្លាញអនុផលព្រៃឈើដែលជាព្រៃរបស់សហគមន៍ឲ្យបានទាន់ពេលវេលា។ក្រោយពីបានស្តាប់នូវការលើកឡើង និងស្នើសុំរបស់ពលរដ្ឋខាងលើមន្ទីរពាក់ព័ន្ធបានបកស្រាយពន្យល់ជូនភ្លាមៗ និងមួយចំនួនទៀតទុកដោះស្រាយនៅខាងថ្នាក់លើ ហើយរាល់ការពន្យល់ ដោះស្រាយរបស់ក្រុមការងារ ប្រជាពលរដ្ឋក៏បានស្ដាប់ និងទទួលយកដោយការសប្បាយចិត្ត។ ដោយឡែកចំពោះការស្នើសុំសាលារៀន និងផ្លូវលំនេះក្រុមការងារបានប្រគល់ជូនទៅលោកមេឃុំ ជ្រោយបន្ទាយជាអ្នកដោះស្រាយ ពីព្រោះស្ថិតនៅក្នុងគំរោងការអភិឌ្ឍន៍របស់ឃុំ។មានប្រសាសន៍បិទអង្គវេទិកា ឯកឧត្ដមបន្តថា អាជ្ញាធរដែនដីសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់រួមនិងប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានត្រូវតែធ្វើយ៉ាងណាឲ្យមូលដ្ឋានភូមិ.ឃុំយើងទទួលបានសុខសុវត្ថិភាព មានការអភិវឌ្ឍឲ្យកាន់តែរីកចំរើនឡើងបន្ថែមទៀត។ ទន្ទឹមនោះ ត្រូវខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីលុបបំបាត់ឲ្យអស់នូវចំណុចអវិជ្ជមានទាំងឡាយ ដែលប្រជាពលរដ្ឋបានលើកឡើង។ ខិតខំជួយដោះស្រាយរាល់ទុក្ខកង្វល់ បញ្ហាសុខភាព សន្តិសុខ សណ្ដាប់ធ្នាប់ ជាពិសេសសមត្ថកិច្ចទាំងអស់ត្រូវធ្វើការបង្ក្រាបបទល្មើសឲ្យខានតែបានដូចជា ៖លួច ឆក់ ប្លន់ បទល្មើសគ្រឿងញៀន និងបទល្មើស អនុផលព្រៃឈើ ទាំងការលួចកាប់ទន្រ្ទានព្រៃឈើយកដីរដ្ឋមកធ្វើជាកម្មសិទ្ធិ ។ល។ ដើម្បីអនុវត្តន៍ឲ្យបានសមស្របតាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋយើង។ជាមួយគ្នានោះ ឯកឧត្តមក៏បានជំរុញ និងអប់រំដល់បងប្អូនប្រជាពលរដ្ឋឲ្យមានទម្លាប់មានអនាម័យ និងចេះការពារខ្លួនឯងឲ្យបានល្អ និងអនុវត្តឲ្យបាននូវគោលការណ៍ និងការណែនាំរបស់ក្រសួងសុខាភិបាល ក៏ជាអនុសាសន៍របស់រាជរដ្ឋាភិបាលកម្ពុជាដែលបានចេញ ៖ ពេលចេញដំណើរទៅមកណាម្តងៗ ត្រូវពាក់ម៉ាស ឬការពារ ឬមានក្រម៉ាដើម្បីខ្ទប់មាត់នូវពេលយើងកន្តាស់ត្រូវលាងដៃនឹងសាប៊ូ ឬទឹកអាល់កុលឲ្យបានជាប្រចាំដើម្បីទប់ស្កាត់នូវជំងឺឆ្លងផ្សេងៗ និងការពារបាននូវមេរោគរាត្បាតជំងឺកូវីដ១៩ផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)
ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)
លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)
សម្តេចតេជោហ៊ុន សែនអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈសំខាន់ចំនួន៣រវាងរដ្ឋាភិបាលកម្ពុជានិងហុងគ្រី (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា